News

រោងចក្រទទួលផលិត និងបង្កើតម៉ាកផលិតផលគ្រឿងថែរក្សាសម្ផស្សដ៏ធំនៅកម្ពុជា ផ្តល់សិទ្ធិផ្ដាច់មុខដល់ Secret Lady ជាតំណាងចែកចាយ

(ភ្នំពេញ)៖ រោងចក្រទទួលផលិត និងបង្កើតម៉ាកដ៏ធំនៅកម្ពុជា គឺរោងចក្រ Luxury Smile Beauty Group Co., LTD បានបង្ហាញពីសក្ដានុពល ក្នុងការពង្រឹងទីផ្សារ និងបង្កើតម៉ាកអាជីវកម្មផ្ទាល់ជូន ដល់អតិថិជន និងបានចុះកិច្ចព្រមព្រៀង (MoU) ផ្ដល់សិទ្ធិផ្ដាច់មុខដល់ក្រុមហ៊ុន Secret Lady ចែកចាយផលិតផលផ្តាច់មុខនៅកម្ពុជា គឺផលិផល Secret Lady Soap និង Secret Lady Love។

ការចុះកិច្ចព្រមព្រៀងរវាងរោងចក្រ Luxury Smile Beauty Group Co., LTD និងក្រុមហ៊ុន Secret Lady ធ្វើឡើងនៅល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការចូលរួមពីលោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ប្រធានរោងចក្រ Luxury Smile Beauty Group Co., LTD, អ្នកស្រី កែ ហេងសីហា ប្រធានក្រុមហ៊ុន Secret Lady Co., LTD ប្រចាំកម្ពុជា រួមទាំងតំណាងចែកចាយជាច្រើនរូប។

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ ឲ្យដឹងថា រោងចក្រ Luxury Smile Beauty Group ជារោងចក្រដ៏ធំមួយ ក្នុងការបង្កើតម៉ាកសញ្ញានៅកម្ពុជា ដែលមានរោងចក្រធំ ប្រកបដោយស្តង់ដារខ្ពស់ នៅប្រទេសថៃ និងនាំចូល រួមទាំងផ្តល់សិទ្ធិចែកចាយគ្រឿង ថែរក្សាសម្ផស្សជាច្រើនមុខ ដល់ក្រុមហ៊ុននានា ក្នុងទីផ្សារកម្ពុជា។

លោកឧកញ៉ាបានបន្ដថា វិស័យថែរក្សាសម្ផស្ស ជាវិស័យដែលកំពុងមានសន្ទុះទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ព្រោះពេលណាប្រជាពលរដ្ឋ ចាប់ផ្តើមមានជីវភាពធូរធា ពួកគាត់គិតគូរខ្លាំង គុណភាពជីវិត ឬគុណភាពនៃការរស់នៅឱ្យកាន់តែប្រសើរឡើង ជាពិសេសរូបសម្ផស្សតែម្ដង។

លោកឧកញ៉ាបន្ថែមថា ការជ្រើសរើសអាជីវកម្មផ្នែកសម្ផស្ស ជាការជ្រើសរើសដ៏ត្រឹមត្រូវ អាចនិយាយបានថា កំពុងរើសបានដុំពេជ្រយ៉ាងធំ ដែលធ្វើឱ្យគ្រប់គ្នារីកចម្រើនយ៉ាងខ្លាំង។

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានបញ្ជាក់ថា «ចាប់ពីពេលនេះតទៅមនុស្សគ្រប់គ្នា នឹងចាប់ផ្តើមចំណាយច្រើន លើការថែរក្សាសម្ផស្ស ហើយអ្វីដែលសុភាពបុរស និងសុភាពនារីចង់បានគឺ ភាពស្រស់ស្អាតចេញពីខាងក្នុង។ អាស្រ័យហេតុនេះបានជារោងចក្រ Luxury Smile Beauty Group ផលិតនូវផលិតផលប្រកបដោយគុណភាពខ្ពស់ និងគុណតម្លៃពិតៗ ដើម្បីផ្ដល់ជូនដល់អតិថិជនទាំងអស់គ្នានូវទំនុកចិត្ត និងភាពស្រស់ស្អាត នោះគឺផលិតផល Secret Lady ដែលបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ»។

លោកឧកញ៉ាបន្ថែមថា បច្ចុប្បន្ននេះស្របពេលដែលសន្ទុះនៃការគាំទ្រ ផលិតផលថែរក្សាសម្ផស្ស កាន់តែមានតម្រូវការខ្លាំង ដៃគូសហការជាច្រើនបានផ្តោតទំនុកចិត្ត លើរោងចក្រ Luxury Smile Beauty Group ដើម្បីបង្កើតផលិតផល និងម៉ាកសញ្ញាចូលរួមចំណែក ផ្តល់ភាពស្រស់ស្អាត ដល់ប្រជាជនកម្ពុជាគ្រប់រូប។

លោកឧកញ៉ាបន្ដថា ដោយឡែកសម្រាប់ការសហការជាមួយរោងចក្រ Luxury Smile Beauty Group នឹងទទួលបានការប្រឹក្សាពីសេវាផ្លូវច្បាប់, យុទ្ធសាស្រ្តទីផ្សារ, គុណភាព និងទំនុកចិត្តខ្ពស់លើវិស័យថែរក្សាសម្ផស្ស។

អ្នកស្រី កែ ហេងសីហា បានឲ្យដឹងថា «ខ្ញុំពិតជាមានក្ដីរំភើបរីករាយ ដែលបានសហការ ជាមួយរោងចក្រ Luxury Smile Beauty Group ដែលជារោងចក្រផលិតម៉ាកផលិផល និងបង្កើតម៉ាកដ៏ធំនៅកម្ពុជា ទៅលើផលិតផលចំនួន២មុខគឺ Secret Lady Soap និង Secret Lady Love និងបានដាក់សម្ពោធជាផ្លូវការនៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ»។

អ្នកស្រីបន្ថែមថា ផលិតផលទាំង២មុខនេះ ជាផលិតផលបង្កើតឡើងដោយផ្តោតសំខាន់ លើតម្លៃសមរម្យ, គុណភាពខ្ពស់ និងសុវត្ថិភាពជាចម្បង។ អ្នកស្រីបានបញ្ជាក់ថា ផលិតផល Secret Lady ជាផលិតផលមានគុណភាពស្តង់ដាខ្ពស់ និងមានតម្លៃសមរម្យ អាចទទួលយកបានបើធៀប លើការចំណាយយ៉ាងខ្ពស់ សម្រាប់ការទៅព្យាបាលនៅគ្លីនិក ឬនៅមន្ទីរពេទ្យ។

អ្នកស្រីបន្ថែមថា ផលិតផលក្រុមហ៊ុន Secret Lady ជាផលិតផលធានាបានគុណភាពល្អ១០០% ព្រោះក្រុមហ៊ុនផលិតឡើងផ្តោតលើ ភាពយូរអង្វែង និងគុណភាពជាចម្បង។ ប្រសិនបើផលិតផល មានគុណភាពល្អ និងមានប្រសិទ្ធភាពពិតប្រាកដនោះ សុភាពនារីនឹងបន្តគាំទ្រ ហើយទាំងនេះជាគោលដៅសំខាន់ ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តភាព។

អ្នកស្រីបញ្ជាក់បន្ថែមថា សុវត្ថិភាពជាចំណុចសំខាន់មិនអាចខ្វះបាន សម្រាប់ចក្ខុវិស័យជារួម របស់ក្រុមហ៊ុនព្រោះ អ្វីដែលអ្នកទាំងអស់គ្នាចង់ឃើញ គឺអ្នកប្រើប្រាស់ទាំងអស់ មានភាពជឿជាក់លើខ្លួនឯង រួមទាំងមិនប៉ះពាល់ ដល់សុខភាពទាំងពេលកំពុងប្រើ និងមិនផ្តល់ផលប៉ះពាល់ទៅថ្ងៃខាងមុខ។

ជាក់ស្ដែងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ រោងចក្រ Luxury Smile Beauty Group នឹងរៀបចំកម្មវិធី Asean Successful CEO Award 2019 នៅផ្សារទំនើប AEON Mall សែនសុខ ក្រោមការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ឳ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយក្នុងនោះក្រុមហ៊ុន Secret Lady ក៏មានវត្តមានចូលរួមក្នុងកម្មវិធីនេះផងដែរ៕